ការវាយតម្លែ និងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣-២០២៥

សេដ្ឋកិច្ចសកល ត្រូវបានវាយតម្លៃថាថមថយក្នុងអត្រា ៣,២% ដូចគ្នាសម្រាប់ឆ្នាំ ២០២៣ និង ២០២៤ ធៀបនឹង ៣,៥% ក្នុងឆ្នាំ ២០២២ – ទាបជាងអត្រាកំណើនមធ្យម (២០០០-២០១៩) ក្នុងរង្វង់ ៣,៨% ឆ្លុះបញ្ចាំងពីផលជះជាអវិជ្ជមាននៃការកើនឡើងសម្ពាធអតិផរណា និងភាពតានតឹងន គោលនយោបាយរូបិយវត្ថុ ដែលបណ្ដាលមកពីវិបត្តិផ្ទួនៗគ្នា (Cumulative shocks), គួបផ្សំនឹង ការដកចេញជាបណ្តើរៗនៃគោលនយោបាយគាំទ្រផ្នែកសារពើពន្ធ ដើម្បីកសាងទ្រនាប់ថវិកាឡើងវិញ ។ ស្រដៀងគ្នាទៅនឹងស្ថានភាពសេដ្ឋកិច្ច និងតំបន់, សេដ្ឋកិច្ចកម្ពុជា, ក្នុងឆ្នាំ ២០២៣, ត្រូវបានប៉ាន់ស្មានថា សម្រេចបាននូវកំណើន ៥,០% ប្រហាក់ប្រហែលនឹងកំណើនក្នុងឆ្នាំ ២០២២ ក្នុងអត្រា ៥,១% ។ ក្នុង នោះ, វិស័យឧស្សាហកម្ម ត្រូវបានវាយតម្លៃថាមានកំណើនថមថយ ក្នុងអត្រា ៤,៣% ដោយសារការ- ធ្លាក់ចុះនៃអនុវិស័យកាត់ដេរ បណ្តាលមកពីការធ្លាក់ចុះនៃការបញ្ជាទិញពីប្រទេសដៃគូសំខាន់ៗ រួមមាន៖ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ជាដើម ។ ជាមួយគ្នានេះ, អនុវិស័យសំណង់ ក៏នៅបន្តមានកំណើនទាប ដោយសារការងើបឡើងវិញយឺតជាងការរំពឹងទុកនៃរ៉ហូរវិនិយោគពីបរទេស ជាពិសេសក្នុងសកម្មភាព សំណង់ថ្លៃខ្ពស់ ដូចជាអគារពាណិជ្ជកម្ម និងខុនដូ ជាដើម ។ យ៉ាងណាមិញ, អនុវិស័យកម្មន្តសាលមិន- មែនកាត់ដេរ នៅបន្តរក្សាបានចលនការរឹងមាំ ពោល ទាំងផ្នែកផលិតកម្មបម្រើឱ្យការនាំចេញ (សូឡា, សំបកកង់រថយន្ត, គ្រឿងសង្ហារិម, គ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលកែច្នៃមួយចំនួនទៀត) និង ផលិតកម្មបម្រើទីផ្សារក្នុងស្រុក (ចំណីអាហារ និងភេសជ្ជៈ និងឧស្សាហកម្មដំឡើងរថយន្ត), ដែល បានប៉ះប៉ូវដល់ដល់ការថមថយនៃអនុវិស័យផ្សេងទៀត និងចូលរួមទ្រទ្រង់កំណើននៃវិស័យឧស្សាហ- កម្ម ជារួម ។ វិស័យសេវាកម្ម ត្រូវបានវាយតម្លៃថាបន្តងើបឡើង ក្នុងអត្រា ៧,២% គាំទ្រដោយការបន្ត និន្នាការកើនឡើងនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងសេវាកម្មគាំទ្រទេសចរណ៍ ផ្សេងទៀត ដូចជាអនុវិស័យដឹកជញ្ជូន និងស្ដុក និងអនុវិស័យលក់ដុំ-រាយ ជាដើម។ វិស័យកសិកម្ម ត្រូវ បានវាយតម្លៃថាមានការកើនក្នុងអត្រា ០,៩% គាំទ្រដោយកំណើននៃអនុវិស័យដំណាំ ជាពិសេស ដំណាំស្រូវ និងអនុវិស័យចិញ្ចឹមសត្វ, ខណៈអនុវិស័យនេសាទបន្តសម្រេចបានកំណើនទាប។ ជាមួយគ្នានេះ, ការបន្តអនុវត្តវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកដ៏ សំខាន់ផងដែរ ក្នុងការរក្សាលំនឹងជីវភាពប្រជាជនទូទៅ និងស្ថិរភាពអាជីវកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុង ការរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច ជារួម ។
ការណ៍នេះ បានធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន កើនដល់ ១៧៧ ០៣៦ ប៊ីលានរៀល ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ ស្ថិតក្នុងរង្វង់ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ។ អត្រាអតិផរណា ស្ថិតក្នុងអត្រា ២,១% ក្នុងឆ្នាំ ២០២៣ ដោយសារការត្រលប់ទៅរកប្រក្រតីភាពវិញនៃថ្លៃទំនិញអន្តរ- ជាតិ ជាពិសេសថ្លៃប្រេង ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃដឹកជញ្ជូនធ្លាក់ចុះមកវិញ ។ អត្រាប្តូរប្រាក់ជាមធ្យម កើនឡើងក្នុងរង្វង់ ៤ ១១០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ខណៈគោលនយោបាយ រូបិយវត្ថុរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកនៅបន្តរឹតបន្តឹង ។
ក្នុងឆ្នាំ ២០២៤, សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៦,០% ដោយសារ ការត្រលប់ទៅរកភាពល្អបន្តិចម្ដងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាស្ថិរភាព ។ វិស័យឧស្សាហកម្ម រំពឹងថានឹង មាននិន្នាការប្រសើរឡើង គាំទ្រដោយការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ដោយសារការត្រលប់
ទៅរកភាពល្អប្រសើរបន្តិចម្តងៗនៃតម្រូវការសកល ស្របពេលដែលសម្ពាធអតិផរណាបន្តមានភាព- ស្រាកស្រាន្ត ។ ជាមួយគ្នានេះ, អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏នៅបន្តរក្សាបានចលនការរឹងមាំ ទាំងក្នុងផលិតកម្ម បម្រើឱ្យការនាំចេញ លើទំនិញសក្តានុពលសំខាន់ៗ និងការបន្តនិន្នាការល្អប្រសើរ នៃសកម្មភាពផលិតកម្មបម្រើឱ្យទីផ្សារក្នុងស្រុក ដូចជាផ្នែកកែច្នៃ, វេចខ្ចប់, និងចំណីអាហារ និងភេសជ្ជៈ ជាពិសេសការបោះជំហានទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមមធ្យម និងខ្ពស់ ដូចជាឧស្សាហកម្ម ដំឡើងរថយន្ត ជាដើម ។ យ៉ាងណាមិញ, វិស័យសំណង់ រំពឹងថានឹងបន្តមានកំណើនទាប ដោយសារការ- បន្តងើបវិញយឺតនៃទុន វិនិយោគ ជាពិសេសក្នុងសំណង់ថ្លៃខ្ពស់, ប៉ុន្តែអនុវិស័យនេះនឹងបន្តគាំទ្រដោយ សកម្មភាពសំណង់លំនៅឋានថ្លៃទាប និងសមរម្យ ។ វិស័យសេវាកម្ម រំពឹងថានឹងបន្តរក្សាបាននិន្នាការល្អ គាំទ្រដោយការបន្តកើនឡើងនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងអនុវិស័យគាំទ ទេសចរណ៍ផ្សេងទៀត ជាពិសេសសកម្មភាពភាពប្រើប្រាស់ និងចាយវាយក្នុងស្រុក និងដឹកជញ្ជូន, ខណៈដែលអនុវិស័យអចលនទ្រព្យ នៅបន្តមានកំណើនទាប ដូចទៅនឹងនិន្នាការនៃអនុវិស័យសំណង់ ដែរ ។ វិស័យកសិកម្ម នឹងបន្តរក្សាបាននូវស្ថិរភាពនៃកំណើន ដោយសារការបន្តនិន្នាការល្អប្រសើរនៃអនុ- វិស័យដំណាំ បើទោះបី អនុវិស័យចិញ្ចឹមសត្វមានការថមថយក្តី ក្នុងឆ្នាំ ២០២៤ នេះ ដោយសារថ្លៃលក់ ធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០២៣ មក ។ គួរបញ្ជាក់ថា, ការដាក់ចេញវិធានការបន្ទាន់លើការផ្អាកការនាំ- ចូលសាច់បង្កក និងការអនុវត្តអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងជាប់កម្រិត កំណត់នឹងជួយបង្កើនទំនុកចិត្តដល់ផលិតកម្មក្នុងស្រុកឡើងវិញ ហើយអាចធ្វើឱ្យអនុវិស័យនេះ មាន ភាពប្រសើរឡើងជាងការរំពឹងទុក ។ ជាមួយគ្នានេះ, ការពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត នានា រួមជានឹងការបន្តពង្រឹងការកែទម្រង់ស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទាំងទៅលើការ- ស្តារវិស័យដែលជាចន្ទល់កំណើនស្រាប់ ក៏ដូចជាលើកកម្ពស់ដល់វិស័យសក្តានុពលថ្មីៗមួយចំនួនទៀតរួមមាន ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ជាមួយ នឹងការចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤ ជារួម ។ សម្រាប់ ឆ្នាំ ២០២៥ និងរយៈពេលមធ្យមទៅមុខ (២០២៦-២០២៧), សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការងើប វិញ ជាមួយនឹងកំណើនក្នុងរង្វង់ ៦,៣% និង ៦,៦%, ជាមធ្យម, រៀងគ្នា ។
ទោះជាយ៉ាងនេះក្តី, ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមទៅនឹងភាពមិនប្រាកដប្រជាខ្ពស់ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ នៅតែបន្តស្ថិតក្នុងអន្តរកាលនៃពហុវិបត្តិ និងការ- ផ្លាស់ប្ដូរកាន់តែលឿននៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច, ដែលការណ៍នេះនឹងអាចផ្ដល់ទាំងបច្ច័យវិជ្ជមាន និងអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្នុងបរិបទនៃការលេចឡើងនូវនិន្នាការថ្មីៗ, រាជរដ្ឋាភិបាល កម្ពុជា បាននិងកំពុងខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុងឱ្យកាន់តែមានភាពប្រកួតប្រជែង ដើម្បី និងទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗទាំងនោះ ក៏ដូចជាបន្តកសាងភាពធន់នៃសង្គម- សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចៀសហានិភ័យ ដែលនឹងកើតឡើងក្នុងពេល ខាងមុខ ជាយថាហេតុ ។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវអភិក្រមក្នុងការតាមដាន, សិក្សា និង វាយតម្លៃជាប់លាប់ជាប្រចាំ លើដំណើរការវិវត្តនៃស្ថានការណ៍ខាងក្រៅ និង ផ្ទៃក្នុងប្រទេស ពោលគឺត្រូវ ក្ដាប់ជាប់ជាប្រចាំនូវជីពចរនៃសង្គម-សេដ្ឋកិច្ច និងត្រូវដាក់ចេញនូវវិធានការចំគោលដៅ ប្រកបដោយ បុរេសកម្ម និងទាន់ពេលវេលា ។
ស្រូប
សូមបញ្ជាក់ថា, ការវាយតម្លៃ និងការព្យាករខាងលើ គឺផ្អែកលើស៊េរីទិន្នន័យគណនេយ្យជាតិ (National Account Statistics) ឆ្នាំគោលថ្មី ដែលក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចប្រើប្រាស់ឆ្នាំ ២០១៤ ជាឆ្នាំគោលថ្មី ។ ជាលទ្ធផល, ការផ្លាស់ប្តូរឆ្នាំគោលថ្មីឆ្នាំ ២០១៤ នៃ ផសស ធ្វើឱ្យទំហំសេដ្ឋកិច្ច (ផសស ថ្លៃបច្ចុប្បន្ន) ក្នុងឆ្នាំ ២០១៤ កើនឡើងប្រមាណ ៣២% ពោលគឺប្រមាណ ៨៨ ៩៩២ ប៊ីលាន រៀល ធៀបនឹងប្រមាណ ៦៧ ៤៣៧ ប៊ីលានរៀល ឆ្នាំគោលចាស់ ។ ផសស សម្រាប់មនុស្សម្នាក់ (GDP Per Capita) ក្នុងឆ្នាំ ២០១៤ កើនឡើងដល់ប្រមាណ ១៤៨៩ ដុល្លារអាម៉េរិក ធៀបនឹងប្រមាណ ១ ១៣១ ដុល្លារអាម៉េរិក ឆ្នាំគោលចាស់ ។ ការផ្លាស់ប្តូរឆ្នាំគោលនេះ ធ្វើឱ្យវិស័យ/អនុវិស័យក្នុង ផសស ឆ្នាំគោលថ្មី បានកើនឡើងដល់ប្រមាណ ៣០ វិស័យ/អនុវិស័យ ធៀបនឹងប្រមាណតែ ១៩ វិស័យ/ អនុវិស័យ តែប៉ុណ្ណោះ ក្នុងឆ្នាំគោលចាស់ ។ ផ្អែកលើតួលេខ ផសស ថ្មីនេះ, រចនាសម្ព័ន្ធសេដ្ឋកិច្ចមាន ការផ្លាស់ប្ដូរ ពោលគឺចំណែកនៃវិស័យកសិកម្ម ផសស ធ្លាក់ចុះមកត្រឹមប្រមាណ ២២% នៃ ផសស ក្នុង ឆ្នាំ ២០១៤ ឆ្នាំគោលថ្មី ធៀបនឹង ២៩% នៃ ផសស ឆ្នាំគោលចាស់។ វិស័យឧស្សាហកម្ម បានកើន ឡើងដល់ប្រមាណ ៣០% នៃ ផសស ឆ្នាំគោលថ្មី ដែលកើនពីប្រមាណ ២៦% នៃ ផសស ឆ្នាំគោល ចាស់ ។ វិស័យសេវាកម្ម បានកើនឡើងដល់ប្រមាណ ៤២% នៃ ផសស ឆ្នាំគោលថ្មី ដែលកើនពីប្រមាណ ៤០% នៃ ផសស ឆ្នាំគោលចាស់ ។ ម្យ៉ាងវិញទៀត, ផសស មានកំណើនពិតជាមធ្យម ៨,៣% សម្រាប់ ចន្លោះឆ្នាំ ២០០០-២០១៣ និង ៥,៨% សម្រាប់ឆ្នាំ ២០១៤-២០២២ ។

ទាញយកឯកសារខាងក្រោមនេះ

Macro-Performance-2023-2024_Updated

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

Previous post

ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អញ្ជើញធ្វើសេចក្តីរាយការណ៍ដកស្រង់សង្ខេប ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ

Next post

ប្រតិទិនឈប់សម្រាក ប្រចាំឆ្នាំ ២០២៥